នាព្រឹកថ្ងៃសៅរ៍ ០៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៥
នៅខេត្តព្រះវិហារ, លោក ឈៀន ចាន់សេដ្ឋី ប្រធានការិយាល័យលទ្ធកម្មសាធារណៈ តំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួម ជួបសំណេះសំណាល សួរសុខទុក្ខ កងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯកឧត្តមបានដឹកនាំប្រតិភូ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ដែលកំពុង ប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅទីបញ្ជាការវរសេនាតូចលេខ ១០៥ នគរបាលការពារព្រំដែនគោក ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុទាំង២៥ ព្រមទាំងនាយទាហាន នាយនគរបាល ពលទាហាន ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធសរុប ប្រមាណជិត ៦៧០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី នឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្តី ដែល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរជើងការពារ ព្រំដែន នៅសមរភូមិមុខ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល។